ធនាគារ អេ អឹម ខេ និង ​ដាយ អ៊ិឈិ ឡាយហ្វ៍ ប្រគល់ថវិកា ៣០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងរួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត ក្នុងឱកាសអបអរសាទរខួប ៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសខួប ៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង ធនាគារ អេ អឹម ខេ និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីប្រគល់ថវិកាសប្បុរសធម៌សរុបចំនួន ៣០​លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា អមដោយសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ និងបុគ្គលិក។

ចំពោះថវិកាសប្បុរសធម៌ចំនួន ៣០ លានរៀលនេះ គឺទទួលបានពីការរៀបចំយុទ្ធនាការសង្គមរួមគ្នារយៈពេល ៦ខែកន្លងទៅ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយរាល់ការជាវបណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នៅតាមបណ្តាសាខាធនាគារ​ អេ អឹម ខេ ស្ថាប័នទាំងពីរបរិច្ចាគថវិកាចំនួន ៥.០០០ រៀលក្នុងមួយបណ្ណសន្យារ៉ាប់រង ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ តាមរយៈយុទ្ធនាការនេះ មានអតិថិជន ធនាគារ អេ អឹម ខេ និង ដាយ អ៊ិឈិ ឡាយហ្វ៍ ជាង៣.៦០០នាក់ បានរួមចំណែកទ្រទ្រង់ការព្យាបាល និងសង្រ្គោះជីវិតកុមារដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។ ការចូលរួមរបស់អតិថិជនឆ្លុះបញ្ចាំងពីការដែលគាត់មិនត្រឹមតែជ្រើសរើសការពារអនាគតក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកគាំទ្រដល់សហគមន៍ថែមទៀតផង។

ទន្ទឹមនឹងពិធីប្រគល់ថវិកា ស្ថាប័នទាំងពីរបានរៀបចំសកម្មភាពបរិច្ចាគឈាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកស្ម័គ្រចិត្តប្រមាណ ៤០ នាក់ ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិត និងគាំទ្រដល់តម្រូវការឈាមសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងការចូលរួមរបស់បុគ្គលិកក្នុងសកម្មភាពសង្គមដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍។

គួរបញ្ជាក់ផងដែរថា នេះជាការចូលរួមចំណែកលើកទី២ ក្នុងឆ្នាំ២០២៦ របស់ ធនាគារ អេ អឹម ខេ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា បន្ទាប់ពីការនាំយកថវិកាសប្បុរសធម៌ចំនួន ១៤៣ លានរៀល កាលពីចុងខែឧសភាកន្លងទៅ តាមរយៈកម្មវិធី «ស្កេន AMK ដើម្បីកុមារកម្ពុជា» ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារក្នុងការលើកកម្ពស់សុខុមាលភាពកុមារ និងសង្គមជាតិ។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «រយៈពេល៥ឆ្នាំកន្លងមកនេះ យើងបន្តពង្រឹងភាពជាដៃគូជាមួយធនាគារ អេ អឹម ខេ ដោយប្តេជ្ញាចិត្តរួមគ្នាពង្រីកការទទួលបានការការពារហិរញ្ញវត្ថុនៅកម្ពុជា។ អ្វីដែលធ្វើឱ្យកិច្ចសហការមួយនេះកាន់តែពិសេសគឺ ការចាប់ដៃគ្នាលើសពីអាជីវកម្ម។ ពោលគឺយើងតែងសហការលើគំនិតផ្តួចផ្តើមផ្សេងៗដើម្បីគាំទ្រដល់សហគមន៍ ដូចជាការបរិច្ចាគថវិកា និងការបរិច្ចាគឈាមនេះផ្ទាល់។ យើងមានមោទនភាពចំពោះដំណើរមួយនេះ ហើយសង្ឃឹមថានឹងអាចរួមគ្នាបង្កើតការផ្លាស់ប្តូរកាន់តែប្រសើររយៈពេលតទៅមុខទៀត។»

លោក សួន ពិសី អនុប្រធាននាយកប្រតិបត្តិនៃធនាគារ​ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «ការប្រគល់ថវិកា និងការរួមគ្នាបរិច្ចាគឈាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្ត និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ វត្តមានរបស់អតិថិជន និងទឹកចិត្តរបស់បុគ្គលិកស្ម័គ្រចិត្តទាំងអស់គ្នា បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជា»។

ឆ្លងកាត់ដំណើររួមគ្នាអស់រយៈពេល ៥ ឆ្នាំកន្លងមក ភាពជាដៃគូយុទ្ធសាស្ត្ររវាង ធនាគារ អេ អឹម ខេ និង ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយហ្វ៍ មិនត្រឹមតែជំរុញបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការធានារ៉ាប់រងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តពង្រឹងសកម្មភាពសង្គមប្រកបដោយចីរភាព ដើម្បីរួមចំណែកកសាងសហគមន៍កម្ពុជាមួយប្រកបដោយភាពរឹងមាំ និងសុខុមាលភាពល្អប្រសើរ៕

អំពី ធនាគារ​ អេ អឹម ខេ

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។

 

អំពី​ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អុីន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​លូតលាស់​លឿន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៥​ឆ្នាំ​ប៉ុណ្ណោះ​ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Daiichi Life Holdings, Inc. (“DLHD”) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ប្រទេស​ជប៉ុន​ដែលមានបទពិសោធន៍​ជាង ១២​៣ឆ្នាំ។

ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន DLHD ក្នុង​ឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ ​បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​គ្រប់​គ្នា។ ក្រុមហ៊ុនក៏បាន​នាំ​យក​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មកកាន់ប្រទេស​កម្ពុជា ដោយ​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប​តាម​តម្រូវការ​លោក​អ្នក​។ ដាយ អុិឈិ ឡាយ​ហ្វ៍ គឺជាដៃគូដែល​គាំទ្រ​ដល់​សុខមាលភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ជា​និច្ច​។

​នៅ​ ដាយ អុិឈិ ឡាយ​ហ្វ៍ «​យើង​គិតគូរ យើង​ធ្វើ​អ្វី​ដែល​ត្រូវ ​យើង​ច្នៃប្រឌិត​ថ្មី​» គឺជាតម្លៃ​ស្នូល ដែល​ណែនាំ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​របស់​ក្រុមហ៊ុន។

*​ដាយ អុិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង អុី​ង មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤៦៣.៨ ពាន់​លាន​ដុល្លារ និង​បុព្វលាភ​ធានា​រ៉ាប់រង​ជាង ៤៣.៤​ពាន់​លាន​ដុល្លារ​។ (​គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ ២០២៦)​ ៕

ទំនួលខុសត្រូវសង្គមសាជីវកម្ម

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក